(ភ្នំពេញ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ និងមានការចូលរួមពីមន្ត្រីសុខាភិបាល មន្ត្រី ក.ប.ប និងអាជា្ញធរមូលដ្ឋាន បានធ្វើការចុះបង្ក្រាប ពាក់ព័ន្ធករណីនាំចូល ស្តុក ចែកចាយ ផលិតផលបន្ទះបិទបញ្ចុះកម្តៅម៉ាក ខូលឃីត (Cool-Kid) ក្លែងក្លាយ នៅផ្ទះលេខ១៩D ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើ សមត្ថកិច្ចចំរុះបានដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ផលិតផល ខូលឃីត (Cool-Kid) ក្លែងក្លាយ សរុប ៧៤កេសធំ និង៨កេសតូច និងសម្ភារៈវត្ថុតាងសង្ស័យថាជាផលិតផលខុសច្បាប់ចំនួន ៧មុខ ផ្សេងទៀត។
ក្រោយពីការឆែកឆេរ លោកព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានសម្រេចឱ្យសមត្ថកិច្ចដកហូតសម្ភារៈទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី។
ក្រោយពីការសាកសួរបានបញ្ចប់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីវិនិច្ឆ័យតាមច្បាប់ ៕

