(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច កងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។
ការណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ២០២៦នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា “គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរហើយ តែយើងមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរឹតបណ្តឹងជាប់ជាប្រចាំ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូចនិងទ្រុងទ្រាយធំ។ បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMS ហើយ ល្បែងស៊ីសងគ្រប់បករភេទ ដូចជា ជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ និងឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាប់ឱ្យអស់ ព្រោះវាប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ”។
ឯកឧត្តមអភិបាលរាជធានី បានបន្ថែមទៀតថា ឥឡូវនេះ ផ្លូវថ្មើជើងចតុមុខ ទទួលបានជោគជ័យយ៉ាងធំធេងសំរាប់រាជធានីភ្នំពេញ ទៅតាមការចង្អុលណែនាំពីសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។ ការទទួលបានភាពជោគជ័យនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរទាំងអស់ ហើយពិសេសថែមទៀតនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋ។ ផ្លូវថ្មើជើងចតុមុខ បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ ក្នុងចំណោម ២០ប្រទេសលើពីភពលោក។ បន្ថែមពីនេះ សំរាប់ការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរទិវាជ័យជម្នះ ៧មករាស្អែកនេះ លោក ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ បំផុសចលនាប្រជាពលរដ្ឋឱ្យដាក់ទង់ជាតិ និងសំអាតបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ស្អាត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាបញ្ហាស្មុគស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះ ដើម្បីឆបោកជនរងគ្រោះដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ពាក់ព័ន្ធនិង (ONLINE SCAMS) នេះ កម្លាំងមានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍បង្រ្កាបជាប្រចាំ៕

