(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាក់ថា រយៈពេល ៤៧ឆ្នាំ ក្រោយការចាប់បដិសន្ធិនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបន្តពូនជ្រុំស្មារតីយុវជន និងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេនៅកម្ពុជា។
ក្នុងសារនយោបាយដ៏មានអត្ថន័យនេះ ឯកឧត្តមប្រធាន បានលើកឡើងថា ស.ស.យ.ក. បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវចំណុចរួម ពង្រឹងកត្តាសាមគ្គីឯកភាព ដោយផ្អែកលើបុព្វហេតុដែលតម្កល់ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ជាចម្បងនៅគ្រប់កាលៈទេសៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណ និងមោទនភាពយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបានមកដល់បច្ចុប្បន្ន គឺកើតចេញពីគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយឈរលើកត្តាធំៗចំនួន ៣ យ៉ាងរួមមាន៖
ទី១៖ ការបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ឯង នៅក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ទី២៖ ការកសាងប្រទេសឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ ការបរទេស រដ្ឋបាលសាធារណៈ វប្បធម៌ និងសីលធម៌សង្គម ដែលបានក្លាយជាខឿនដ៏រឹងមាំនៃសង្គមជាតិ។
ទី៣៖ ការធានាបាននូវអន្តរកាលនៃការបន្តវេនប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខណ្ឌដ៏ចាំបាច់សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាតំណាងឱ្យយុវជនជំនាន់ក្រោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចោទជាសំណួរដើម្បីដាស់ស្មារតីដល់យុវជន និងប្រជាពលរដ្ឋគ្រប់រូបថា៖ «ពីនេះទៅមុខ តើយើងម្នាក់ៗ ក្នុងនាមជាបុគ្គល និងជាជាតិសាសន៍មួយ ត្រូវធ្វើអ្វីខ្លះ ដើម្បីរួមចំណែកដល់ការថែរក្សា ការពារនូវរាល់សមិទ្ធផលដែលជាមរតកដ៏មានតម្លៃ និងបន្តកសាងជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត?»
សាររបស់ឯកឧត្តមប្រធាន ស.ស.យ.ក. គឺជាការក្រើនរំលឹក និងបំផុសស្មារតីដល់យុវជនកម្ពុជាគ្រប់រូប ឱ្យចងចាំនូវប្រវត្តិសាស្ត្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិឱ្យកាន់តែរុងរឿងទៅមុខ៕

