មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅដើមខែកុម្ភះ២០២៦នេះ បានអោយដឹងថា ក្នុងឆ្នាំ ២០២៥កន្លងនេះ មានការចុះបញ្ជីយានយន្តអគ្គិសនីដែលឡើងដល់ចំនួនសរុប ៧.៩៧១គ្រឿង។ ពោលគឺ គិតត្រឹមបំណាច់ឆ្នាំ ២០២៥ កន្លងនេះ កម្ពុជាមានយានយន្តអគ្គិសនី ចុះបញ្ជីកើនឡើងសរុបចំនួន ១២៩៦៨ គ្រឿង ក្នុងនោះមានរថយន្តអគ្គិសនីចំនួន ៩០៦៥ គ្រឿង ទោចក្រយានយន្តចំនួន ៣២០៣ គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង។
សមិទ្ធផលនេះ បានឆ្លើយតបចំពោះកម្ពុជាដែលបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនរថយន្តអគ្គិសនីឱ្យបាន ៣៥ទៅ៤០ភាគរយនិងម៉ូតូអគ្គិសនីដល់ ៧០ភាគរយ នៅឆ្នាំ២០៥០។
កំណើននេះបានផ្តល់ផលប្រយោជន៍សំខាន់ៗដល់ការលើកកម្ពស់ថាមពលបៃតង ទាំងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច និងសន្តិសុខថាមពល តាមរយះ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងការបំពុលខ្យល់, ការសន្សំសំចៃថ្លៃដើមប្រតិបត្តិការខ្ពស់ បើធៀបនឹងការប្រើប្រាស់សាំង ការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ធនៈ, និងការចាប់យកបច្ចេកវិទ្យាថ្មីៗ។
សន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជានេះ បានកើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តពិសេសដល់អ្នកនាំចូលរថយន្ត និងម៉ូតូអគ្គិសនីដោយបន្ថយពន្ធនាំចូល ៥០ភាគរយ និងអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីដែលរហូតមកដល់ពេលនេះ មានស្ថានីយសាកថ្មរថយន្តអគ្គិសនីល្បឿនលឿន មានជាង ២០០កន្លែង នៅទូទាំងប្រទេស។
ទន្ទឹមនេះទៀតកាលពីខែវិច្ចិកាឆ្នាំ២០២៥កន្លងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញាតអោយមានរោងចក្រដំឡើងរថយន្តអគ្គិសនីផ្ទាល់នៅ ក្រុងព្រះសីហនុដែលបានជួយធ្វើអោយតម្លៃយាន្តយន្តអគ្គិសនីល្អសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ គោលនយោបាយបង្កើនការប្រើប្រាស់យានយន្តអគ្គិសនីរបស់កម្ពុជានេះ បានចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុលក្នុងសកលលោក ប្រមាណពាក់កណ្តាលនៅឆ្នាំ២០៥០ ធៀបនឹងបច្ចុប្បន្ន និងកាត់បន្ថយការស្លាប់មុនអាយុរបស់មនុស្សក្នុងពិភពលោកពីប្រមាណ ៥,៤លាននាក់ នៅឆ្នាំ ២០២០ មកត្រឹមប្រមាណ ២,៨លាននាក់ នៅឆ្នាំ ២០៥០៕

