(ខេត្តរតនគិរី)៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងរីករាលដាល និងដំណើរការយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រក្រុងបានលុង។
ព័ត៌មានលម្អិតនៃទីតាំង៖ទីតាំងជាក់ស្តែង៖ ស្ថិតនៅក្នុងភូមិគ្រឹះមួយកន្លែង ក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ម្ចាស់ទីតាំង៖ ត្រូវបានគេស្គាល់ឈ្មោះ ងួន សុណ្ណា (ហៅអូនធំ)។
ប្រភេទល្បែង៖ មានបើកលេង បៀរ, អាប៉ោង និងការភ្នាល់ជល់មាន់តាមអនឡាញ។
ពេលវេលា៖ ចាប់ផ្តើមលេងពីម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង ៦:០០ ល្ងាច ជាហូរហែររៀងរាល់ថ្ងៃ។
ក្តីបារម្ភរបស់ប្រជាពលរដ្ឋ៖សកម្មភាពល្បែងស៊ីសងនេះ មិនត្រឹមតែល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងបង្កឱ្យមានបញ្ហាសង្គមជាច្រើនដូចជា៖
អំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារ។
ការបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
ប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
មហាជនក្នុងមូលដ្ឋាន បានលើកឡើងថា ទីតាំងនេះបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែពុំទាន់ឃើញមានវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាពពីសំណាក់អាជ្ញាធរនៅឡើយ ដែលធ្វើឱ្យពួកគាត់មានការមន្ទិល និងបាត់បង់ទំនុកចិត្តលើការគ្រប់គ្រងរបស់មន្ត្រីមូលដ្ឋាន។
សំណូមពរ៖ តំណាងប្រជាពលរដ្ឋក្នុងក្រុងបានលុង សូមគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តមអភិបាលខេត្ត ក៏ដូចជា មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរី មេត្តាជួយពិនិត្យ និងមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងសន្តិសុខ និងផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ។
ប្រភព៖ សារព័ត៌មាន ខេមបូឌាប៉ុស្តិ៍ (Cambodia Post)៕

