(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍លំនៅឋានចំនួន ៩១ខ្នង ជូនដល់គ្រួសារគោលដៅ ក្នុងគម្រោងសម្បទានដីសង្គមកិច្ច ជំហានទី៣ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ពីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ លោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងអតីតយុទ្ធជន និងនិវត្តន៍ជន ទាំង៩១គ្រួសារ ស្ថិតនៅសាលាស្រុករមាសហែក។
ជាកិច្ចចាប់ផ្តើមលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍន៍មិនឈប់ឈរនៅក្នុងមូលដ្ឋានស្រុករមាសហែក។ លោកបានបន្តថា វឌ្ឍនភាពនៃគម្រោងជំហានទី៣នេះ នឹងក្លាយជាក្បាលម៉ាស៊ីនថ្មីមួយទៀតក្នុងការជំរុញសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការរួមបញ្ចូលគ្នារវាង “ជម្រកស្នាក់នៅសមរម្យ” និង “ដីឡូតិ៍បង្កបង្កើនផល” ដែលអាជ្ញាធរស្រុកបានរៀបចំជូនយ៉ាងសម្រិតសម្រាំងបំផុត។
លោក ម៉ែន អេង អភិបាលរងខេត្ត ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការសហការជាមួយមន្ទីរជំនាញ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវ ទឹក ភ្លើង និងសេវាសាធារណៈផ្សេងៗក្នុងតំបន់សម្បទានដីសង្គមកិច្ចនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ពលរដ្ឋ។
លោក អភិបាលរងខេត្ត បានលើកឡើងថាតាមរយៈការចាប់ឆ្នោតដោយផ្ទាល់ដៃពីសំណាក់ប្រជាពលរដ្ឋ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្ត បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការអនុវត្តការងារដោយ “តម្លាភាព និងយុត្តិធម៌”។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចជនបទ។
ឯកឧត្តម ប្រាក់ អង្គារ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងបានបញ្ជាក់ថា ផ្ទះ និងដីដែលបងប្អូនទទួលបាននាពេលនេះ គឺជាកម្មសិទ្ធិស្របច្បាប់សម្រាប់កសាងជីវភាពថ្មី។ ឯកឧត្តមក៏បានដាស់តឿនឱ្យបងប្អូនត្រូវចូលមករស់នៅជាក់ស្តែង និងថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស។
ទន្ទឹមនឹងនេះដែរឯកឧត្តម ប្រាក់ អង្គារ៉ា បានអំពាវនាវដល់គ្រួសារដែលទទួលបានផ្ទះទាំង ៩១ខ្នង ត្រូវមករស់នៅជាក់ស្តែង និងខិតខំបង្កបង្កើនផលលើដីឡូតិ៍ដែលទទួលបាន ដើម្បីប្រែក្លាយតំបន់នេះទៅជាភូមិឋានគំរូ ប្រកបដោយនិរន្តរភាព និងសុភមង្គល។
ពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍លំនៅឋានចំនួន ៩១ខ្នងនាថ្ងៃនេះ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ នេះគឺជាជោគជ័យថ្មីមួយទៀតនៃការអនុវត្តគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ និងជាសក្ខីភាពនៃការសម្រេចបាននូវគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចតេជោ និងការបន្តវេនដឹកនាំប្រកបដោយថាមពលរបស់សម្តេចធិបតី ក្នុងការបម្រើប្រជាពលរដ្ឋឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

