ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖
១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា “ឯកសារពិត” ឬ “ក្លែងក្លាយ” ដោយមិនចាំបាច់រង់ចាំយូរ។
២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain ដែលមិនអាចកែបន្លំបានឡើយ។
របៀបផ្ទៀងផ្ទាត់ងាយៗ៖
– បើកកាមេរ៉ាទូរសព្ទដៃស្មាតហ្វូន រួច “ស្កេន” លើ QR Code ក្នុងបណ្ណកម្មសិទ្ធិ។
– ចុចលើតំណភ្ជាប់ដែលបង្ហាញ ដើម្បីចូលទៅកាន់គេហទំព័រ verify.gov.kh។
– “ប្រៀបធៀប” ព័ត៌មានលើអេក្រង់ទូរសព្ទ ជាមួយបណ្ណកម្មសិទ្ធិនៅក្នុងដៃ។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code ថ្នាល verify.gov.kh គឺជាសមិទ្ធផលថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ និងបានបោះពុម្ពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមាន QR Code Verify បានចំនួនប្រមាណ ៨៦,៣៨៨ បណ្ណ៕

