(បាត់ដំបង)៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគាប់ដីក្នុងប្រឡាយមួយកន្លែង សង្ស័យស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ០៤៖៥៧នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវបំបែកហៃវ៉េមួយកន្លែង ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Z-4335 បើកបរដោយឈ្មោះ ពេញ ឆានុន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច ចំណែករថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-9750 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកភ្ញៀវ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើក៏បានជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកមធ្យោបាយទាំងពីរខូចខាតយ៉ាងដំណំ បន្ទាប់មកសង្ស័យទាំងអ្នកបើកបរ និងអ្នករួមដំណើរបាននាំគ្នាសែងសពជនរងគ្រោះកប់ដីក្នុងប្រឡាយ រួចយកម៉ូតូទៅគាប់ចោលក្នុងព្រៃ បន្ទាប់មកពួកគេបាននាំគ្នាគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

