
នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្ដេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោក ណុប ប៊ុនហូរ បានថ្លែងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបំពេញមុខរបរ រកស៊ីប្រកបដោយភាពស្មោះត្រង់ រួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយសុខសាន្ត និងរីកចម្រើន។
អំណោយដែលបានចែកជូននាពេលនោះ រួមមានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ សកម្មភាពនេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសង្គមឱ្យកាន់តែរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។
បងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ និងចុះមកជួបផ្ទាល់ ដើម្បីលើកទឹកចិត្ត និងជួយសម្រាលទុក្ខលំបាករបស់ពួកគាត់៕

