(បាត់ដំបង)៖ នៅថ្ងៃទី០៣ និងទី០៤ ខែតុលា ឆ្នាំ២០២៥ នគរបាលស្រុកមោងឫស្សី ធ្វើការចាប់ខ្លួនជនជាប់ចោទចំនួន ០២នាក់ តាមអំណាចដីការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដែលការងារនេះស្ថិតក្រោមការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន ០២ ក្នុងនោះចាប់ខ្លួនឈ្មោះ មាស ភារម្យ ហៅខួច ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ហ៊ុំ សំណាង ហៅយ៉ើន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងបទចោទដូចគ្នា គឺករណគ្រឿងញៀនតែប៉ុណ្ណោះ។
លោកអធិការ បានឱ្យដឹងថា ការអនុវត្តនេះក៏បានដកហូតផងដែរ នូវភស្តុតាងថ្មីពីឈ្មោះ មាស ភារម្យ ហៅខួច រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន ០២កូនថង់ សង្ស័យមានសារធាតុញៀន
-អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១
-ដែកកេះចំនួន០១
-ទូរសព្ទដៃចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនជាប់ចោទទាំង ០២នាក់ខាងលើ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕



