(បាត់ដំបង)៖ យ៉ាងហោចណាស់ បុរស ០២នាក់ បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ កាលពីវេលាម៉ោង ១៣៖១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1W-4954 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ចំណែករថយន្ត ម៉ាក TACOMA ដែលពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-4124 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នា បានជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យបុរសទាំង ០២នាក់ខាងលើ រងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ០២នាក់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ BTB News

