ភំ្នពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សម សម្បត្តិ ប្រធានលេខាធិការដ្ឋាន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ នាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ឡើងរាយការណ៍សង្ខេប អំពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបញ្ហាប្រឈម សំណូមពរមួយចំនួនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងបទបញ្ជា០១ បប គឺជាត្រីវិស័យចង្អុលទិស ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងគោលការណ៍ចង្អុលដឹកនាំដ៏មុតស្រួច និងមានភាពបត់បែនរស់រវើករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការអនុវត្តនូវបទបញ្ជាដ៏ហ្មឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងអនុវត្តភារកិច្ចស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការសកម្មភាព និងកម្មវិធីការងារច្បាស់លាស់ ជាពិសេសការបើកប្រតិបត្តិការប្រកបដោយស្មារតី ទទួលខុសត្រូវ និងឆន្ទៈមោះមុតរបស់កងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ជំរុញសកម្មភាព បោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀននៅកម្ពុជា។
ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដាក់ទិសដៅបន្តឆ្នាំ២០២៦ដូចខាងក្រោម ៖
១) ពង្រឹងការគោរពវិន័យកងកម្លាំង ក្រមសីលធម៌ និងវិជ្ជាជីវៈ។
២) ការិយាល័យទាំង ១១ ត្រូវពង្រឹងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន។
៣) បង្កើនការបង្ការ ការទប់ស្កាត់ ការបង្ក្រាបបទល្មើសគ្រឿងញៀន នូវករណីធ្ងន់ធ្ងរ(ធំៗ) ដែលអង្គការចាត់តាំង។
៤) បង្កើនស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ករណីថ្មីៗ និងករណីដែលនៅដក់សល់ ២០២៤-២០២៥។
៥) បង្កើនការស្រាវជ្រាវមុខសញ្ញាសេសសល់ ដូចជា៖ សាវតាជាតិ ចាប់ខ្លួនមុខសញ្ញាមានដីកា។
៦) បន្តធ្វើបច្ចុប្បន្នភាព ដីកាចាប់ខ្លួន ដោយស្រាវជ្រាវរករូបថតមុខសញ្ញា ការស្នើសុំនិវេទន៍ក្រហម ការស្នើសុំទៅអគ្គអន្តោប្រវេសន៍សហការចាប់ខ្លួន និងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យ (Database System)។
៧) មន្ត្រីនគរបាលយុត្តិធម៌ ត្រូវបង្កើនការកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ច្បាប់ ដោយខិតខំស្រាវជ្រាវរកឯកសារជនសង្ស័យ (លេខអត្ត លេខលិខិតឆ្លងដែន) ឯកសារមុខសញ្ញាពាក់ព័ន្ធ មេក្លោង ឯកសារទ្រព្យសម្បត្តិ និងកំណត់ត្រាបទល្មើស។
៨) ក្រុមប្រតិកម្មរហ័ស (Hotline) ក្រោយពីទទួលបានបណ្ដឹងពីពលរដ្ឋល្អត្រូវរាយការណ៍ជូន នាយកមន្ទីរ ដើម្បីចែករំលែកព័ត៌មានបន្តទៅអង្គភាពពាក់ព័ន្ធ។
៩) ផ្អាកការស្រាវជ្រាវ បង្ក្រាបករណីប្រើប្រាស់ ក្នុងករណីបង្ក្រាបអ្នកប្រើប្រាស់ជាក់ស្តែង ឬ តាមបណ្តឹងពលរដ្ឋល្អ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ឬបញ្ជូនទៅព្រះរាជអាជ្ញាតាមនីតិវិធី។
១០) បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី វិន័យកងកម្លាំង ក្រុមលីលធម៌ ជំនាញស៊ើបអង្កេត (បទល្មើសគ្រឿងញៀននិងបទល្មើសសម្អាតប្រាក់) នីតិវិធីនិងច្បាប់ ក្នុងឆ្នាំ២០២៦ ចំនួន៦វគ្គ ។
១១) បង្កើនការអប់រំណែនាំ រំលឹក ដាស់តឿន ដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រម សីលធម៌ និងមនសិកា វិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជ រដ្ឋាភិបាល។
ទន្ទឹមនោះ យកចិត្តទុកដាក់ក្នុងការលើកទឹកចិត្ត តាមរយៈការលើក សរសើរ ជូនរង្វាន់ចំពោះមន្ត្រីដែលមានស្នាដៃ ព្រមទាំងអនុវត្តវិន័យ ឬវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះមន្ត្រីប្រតិបត្តិការ ដែលប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនឹងគ្រឿងញៀន៕

