កូរ៉េខាងត្បូង៖ កងទ័ពកូរ៉េខាងត្បូងបានឱ្យដឹងថា ឧទ្ធម្ភាគចក្រវាយប្រហារ AH-1S Cobra មួយគ្រឿង បានធ្លាក់នៅថ្ងៃចន្ទនេះ ក្នុងអំឡុងកំពុងហោះហើរហ្វឹកហាត់ នៅក្នុងស្រុក Gapyeong ភាគខាងជើងប្រទេស បណ្ដាលឱ្យសមាជិកក្រុមនាវិកទាំង២នាក់នៅលើនោះស្លាប់បាត់បង់ជីវិត ។
យោងតាមសេចក្តីថ្លែងការណ៍ ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅប្រហែលម៉ោង ១១ ព្រឹក (ម៉ោងនៅកូរ៉េ) ចំណែកឯមូលហេតុនៃការធ្លាក់ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
សមាជិកនាវិកទាំង ២នាក់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះភ្លាមៗ ប៉ុន្តែក្រោយមកគ្រូពេទ្យបានសន្និដ្ឋានថាពួកគេបានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីមានគ្រោះថ្នាក់នេះ កងទ័ពជើងគោក បានសម្រេចផ្អាករាល់សកម្មភាពហោះហើររបស់ឧទ្ធម្ភាគចក្រ AH-1S ទាំងអស់ និងបានបង្កើតក្រុមការងារសង្គ្រោះបន្ទាន់មួយ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។
យោធាបានបញ្ជាក់ថា ការហ្វឹកហាត់នៅពេលកើតហេតុនោះ គឺជាការអនុវត្តវិធីសាស្ត្រចុះចតជាបន្ទាន់ដោយមិនពន្លត់ម៉ាស៊ីន៕

