(បាត់ដំបង)៖ នាថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួល បច្ចេកទេសអនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងសាងសង់ ស្ថានីយចម្រោះទឹកកខ្វក់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយកគម្រោង លោកអគ្គនាយករង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ប្រធានគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
ការចុះពិនិត្យនេះធ្វើឡើងដើម្បីត្រួតពិនិត្យការងារប្រគល់-ទទួលបច្ចេកទេស អនុគម្រោងសាងសង់ ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងសាងសង់ ស្ថានីយចម្រោះទឹកកខ្វក់ ដែលមានទីតាំងនៅខាងកើតស្ទឹង និងខាងលិចស្ទឹងបាត់ដំបង ដែលនឹងត្រូវត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា៖ អនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតនៅក្នុងគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ ដែលគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៦១២,៣៤ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ចំនួន២គឺ សង្កាត់ព្រែកព្រះស្តេច និងសង្កាត់រត្តនះ។ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ១០,០២ហិកតា ជាមួយគ្នានេះដែរតាមផែនការគ្រោងទុកប្រព័ន្ធទាំងមូលនឹងត្រូវប្រើប្រាស់បានរយៈពេល២០ឆ្នាំ។
ចំពោះស្ថានីយប្រព្រឹត្តកម្មនៅត្រើយខាងកើតស្ទឹងប្រើប្រាស់នូវបច្ចេកទេស LAGOON និងត្រើយខាងលិច ប្រើប្រាស់បច្ចេកទេស Biological Treatment៕

