(តាកែវ)៖ នាព្រឹកទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានអនុញ្ញាតជូន ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេស ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ស្របតាមគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលបានដាក់ចេញនូវកម្មវិធីអាទិភាព ចំនួន ៥ ដែលធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាទាំងផ្នែកសង្គម និងសេដ្ឋកិច្ច រួមមាន វិស័យអប់រំ សុខាភិបាល ការស្ថាបនាផ្លូវថ្នល់ ស្ពាន ការអភិវឌ្ឍភូមិគំរូ ការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ជាក់ស្តែងថ្ងៃនេះក្រសួង និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងរួមគ្នាក្នុងពិធីបើកការដ្ឋានស្ថាបនាមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍នៅក្នុងខេត្តតាកែវ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី រួចមក ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងសន្ទុះមួយដ៏លឿនរបស់កម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកបទពិសោធន៍ក្នុងដំណើរការនៃការអភិវឌ្ឍជនបទនៅក្នុងប្រទេសកូរ៉េ និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ នាពេលកន្លងមក ហើយក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្តទៀតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យមានសន្ទុះមួយកាន់តែលឿនថែមទៀត។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងសេចក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ដែលបានបង្ហាញអំពីការចូលរួមបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពរឹងមាំថែមទៀត៕

