(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៣៖៥៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់បន្ទប់ជួល សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់ទូរស័ព្ទ) ដែលបានប្រព្រឹត្តនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៣៖៤០នាទីអធ្រាត្រ នៅត្រង់ចំណុចក្រោមស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ខុន លុយ ហៅអាខ្មោច ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

