(បាត់ដំបង) ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១២:៤០នាទី នៅចំណុចភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ១.ឈ្មោះ ជ័យ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង, ២.ឈ្មោះ ស៊ុំ មិនា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង, ៣.ឈ្មោះ ធឿន ហ៊ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំង, ៤.ឈ្មោះ រី រ៉េន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និង៥.ឈ្មោះ សួម ធេន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន, សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

