(កំពង់ស្ពឺ)៖ នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ០១គ្រឿង បានបុកពីក្រោយរថយន្ដ ០១គ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ នៅលើផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានទទួលព័ត៌មានពីក្រុមការងារផ្លូវល្បឿនលឿនថា មានរថយន្ត ០១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូលហេតុបានស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត) រថយន្ដបើកបរក្នុងទីសដៅពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុគេចខ្លួន រថយន្ដទាំង ០២គ្រឿង បើកបរក្នុងទិសដៅស្របគ្នា។
នៅកន្លែងកើតហេតុ រថយន្តម៉ាក LEXUS LX570 ឆេះទាំងស្រុងនៅកន្លែង រីឯរថយន្តដឹកប្រេងមានការខូចខាតមួយផ្នែកខាងក្រោយកិច្ចអន្ដរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចេញជួយនិងប្រើប្រាស់ទឹកអស់ ០១រថយន្ដ។ បច្ចុប្បន្នវត្ថុតាងទាំងពីរ កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព៕

