(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោម ដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន ៣នាក់ រងរបួសធ្ងន់ ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយ អំពិល ខេត្តឧត្តរមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះកំពុងបំពេញការងារ។ សោកនាដកម្មនេះ បានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនរើសអើង ដែលបង្កឡើងដោយគ្រាប់បែកចង្កោម បន្សល់ពីសង្គ្រាម។
អាជ្ញាធរមីនសម្តែងនូវសមានចិត្តអាណិតអាសូរដោយស្មោះ ចំពោះបុគ្គលិកដែលរងរបួស និងក្រុមគ្រួសាររបស់ពួកគេ ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការសម្របសម្រួល ការថែទាំវេជ្ជសាស្ត្រ ស្តារ នីតិសម្បទា និងសេវាជំនួយជនរងគ្រោះផ្សេងៗ។
ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតដែលកម្ពុជាតែងតែបានលើកឡើង ពោលគឺ ផលវិបាក មនុស្សធម៌បង្កដោយគ្រាប់បែកចង្កោម នឹងបន្តអូសបន្លាយ ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ ទោះបីសង្គ្រាមបានបញ្ចប់ សំណល់ជាតិផ្ទុះ នៅតែបន្តបង្កហានិភ័យដល់អាយុជីវិត រំខានជីវភាពរស់នៅ និងរារាំង ការអភិវឌ្ឍជាច្រើនទសវត្សរ៍ទៅមុខ។ ជនរងគ្រោះនៃអាវុធទាំងនេះ មិនមែនជាកងកម្លាំងយោធាទេ ប៉ុន្តែជាជនស៊ីវិល កសិករ កម្មករ និងកុមារ ដែលជួបប្រទះនឹងគ្រោះថ្នាក់ទាំងនេះ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
អាជ្ញាធរមីន បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់បន្ទាន់ ចំពោះផលប៉ះពាល់មនុស្សធម៌ បង្កដោយគ្រាប់បែកចង្កោម និងសំណល់ផ្ទុះពីសង្គ្រាម។ ការបោសសំអាត ការអប់រំផ្សព្វផ្សាយពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្គ្រោះជនរងគ្រោះ នៅតែចាំបាច់ដើម្បីការពារសហគមន៍រងគ្រោះ និងអំពាវនាវដល់ស្ថាប័ននានា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលប្រតិបត្តិការនៅក្នុងតំបន់ដែលធ្លាប់មានជម្លោះ ឬតំបន់ព្រំដែន សម្របសម្រួលសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ និងប្រតិបត្តិករសកម្មភាពមីនផ្សេងទៀត មុនពេលធ្វើសកម្មភាពនានា។ ការសិក្សា ស្រាវជ្រាវ និងការបោសសំអាតនៅតែជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីការពារមិនឱ្យមានការរងគ្រោះជាបន្តបន្ទាប់៕

